ខេត្តមណ្ឌលគិរី ៖ នាព្រឹក ថ្ងៃសៅរ៍ ៥ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨និង៣០នាទី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និង អបអរសាទរទិវាអន្តរជាតិនារី ៨ មីនាឆ្នាំ២០២៣ លើកទី១១២ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងសម័យឌីជីថល”។ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុកទាំង ៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ និងនគរបាលស្រ្តីទាំងអស់សរុបចំនួន ៩៩នាក់ ។
-ជាកិច្ចចាប់ផ្តើមនៃពិធីសំណេះសំណាលនិងអបអរសាទរទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣ លើកទី១១២ លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹម ហេង ស្នងការរងតំណាងអោយនគរបាលជាស្រ្តីបានឡើងអានប្រវត្តិខ្លះៗ នៃថ្ងៃអបអរសាទរទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០២៣ លើកទី១១២ជូនអង្គពិធី។
-ទន្ទឹមគ្នានោះផងដែរឯកឧត្តមឧត្តមសេនីយ៍ទោស្នងការ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានឧបត្ថម្ភជាថវិកាដល់កងកម្លាំងនគរបាលជាស្រ្តីចំនួន៩៩នាក់ដោយម្នាក់ៗ ទទួលបានថវិកា៥មុឺនរៀល ។
ពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានលើកឡើងថា៖ ទិវាអន្តរជាតិនារី៨ មីនា ដ៏មានសារៈសំខាន់នេះ គឺជាកម្លាំងចលករមួយជំរុញឱ្យស្ត្រីត្រូវខិតខំពង្រឹង និងពង្រីកសកម្មភាពបន្ថែមទៀតលើចំណេះដឹង ជំនាញ រក្សាភាពហ្មឺងម៉ាត់ ឧស្សាហ៍ព្យាយាម អំណត់អត់ធន់ ចូលរួមក្នុងគ្រប់កិច្ចការងារ និងក្នុងតួនាទីភារកិច្ចធ្វើសេចក្តីសម្រេចនានា ដោយសារស្ត្រីជាភ្នាក់ងាមួយយ៉ាងសំខាន់នាំមកនូវការផ្លាស់ប្តូរឥរិយាបទ ឆ្ពោះទៅបង្កើនសេចក្តីសុខ សុវត្ថិភាព និងភាពចម្រើន រុងរឿងក្នុងសង្គមគ្រួសារ និង សង្គមជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា ”ស្ត្រី ជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិទាំងមូលក្នុងពេលបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តលោកក៏បានជូនពរដល់មន្ត្រីនគរបាលទាំងអស់ អោយជួបតែពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕