ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ តាប៉ិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានរថយន្តកុងទីន័ររបស់ក្រុមហ៊ុនទីខូបើកធ្លាក់ផ្លូវចូលស្រះទឹក ប៉ុន្តែសំណាងល្អគ្មានប៉ះពាល់ ឬអ្នករងរបួសនោះទេ សង្ស័យថាអ្នកបើកបរងងុយដេកមួយភាំងទើបបណ្តាលឲ្យធ្លាក់ដូច្នេះ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖រថយន្តកុងទីន័រខាងលើជារបស់ក្រុមហ៊ុន ទីខូ ពាក់ស្លាកលេខ ភ្នំពេញ 3D 0418 ធ្វើដំណើពីទិសខាងលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូចមកខាងឆ្វេងដៃធ្លាក់ចូលទៅក្នុងស្រះតែម្តងសង្ស័យអ្នកបើកបរងងុយដេក។ ប្រភពកន្លែងកើតហេតុខាងលើបានឲ្យដឹងថា រថយន្តកុងទីន័រខាងលើមានជិះ២(គឺអ្នកបើកបរនិងព្រូម្នាក់) ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់មនុស្សឬទ្រព្យសម្បត្តិសាធារណៈនោះទេគ្រាន់តែខូចខាតរថយន្តបន្តិចបន្តួចប៉ុណ្ណោះ។
ប្រភពដដែលបានបន្តទៀតថា លុះដល់ព្រឹកឡើងទើបឃើញមានរថយន្តកុងទីន័រមួយគ្រឿងទៀតមកសណ្តោងចំណែកអ្នកបើកបររួមព្រូឡាននាំគ្នាចងអង្រឹងដេកធ្វើមិនដឹង៕