កែប ៖ អាជ្ញាធរខេត្តកែបកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧បានដឹកនាំកំលាំងសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យមើលទីតាំងព្រៃលិចទឹកមួយកន្លែងដែលកំពុងរងការកាប់ទន្ទ្រាន ស្ថិតក្នុងភូមិតាពីង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងប្រតិបតុ្តការនេះ ឯកឧត្តម កែន សត្ថា គណៈបញ្ជាការឯកភាពខេត្ បានលើកឡើងថា នេះជាដីព្រៃលិចទឹកដែលគ្រប់គ្រង ដោយជំនាញជលផលតាំងពីយូរយាណាស់មកហើយ ប៉ុន្តែពេលនេះ ត្រូវបានជនខិលខូចលួចកាប់ទន្ទ្រានដោយជីកជាជ្រលងក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធផ្តាច់មុខ ហើយករណីនេះត្រូវបានក្រុមអ្នកសាព័ត៌មានរាយការណ៍ទើបលោកដឹកនាំកំលាំងមកត្រួតពិនិត្យតែម្តង។
ទាក់ទិននឹងការកាប់វាតយកដីព្រៃលិចទឹកខាងលើនេះដែរ ក៏មានប្រភពរាយការណ៍ថា ដីនេះត្រូវបានកាប់ទន្ទ្រានកាលពី២សប្តាហ៍មុន ហើយការកាប់វាតយកទីតាំងខាងលើគឺបន្ទាប់ពីមានការទិញលក់បន្តបន្ទាប់គ្នាពីសំណាក់ប្រជាពលរដ្ឋរស់នៅតំបន់នេះតែម្តង។ប្រភពដដែលបានបញ្ជាក់ផងដែរថា ចំណុចដីព្រៃលិចទឹកដែលគ្រប់គ្រងដោយជំនាញជលផលនេះគឺមានការពាក់ព័ន្ធនឹងលោកឧត្តមសេនីយ៍ទោម្នាក់ផងដែរ ប៉ុន្តែគេមិនដឹងថាមានបញ្ជាក់លិខិតស្នាមឬស ជ ណ នោះទេ ។ ម្យ៉ាងទៀតក៏មានលេចឮថា ដីខាងលើមិនដឹងជាលក់បន្តប៉ុន្មានម្ចាស់មកហើយដែរ ហើយមិនដឹងម្ចាស់ដីមុនៗជាអ្នកណានោះទេ។ប្រភពបានបញ្ជាក់ទៀតថា ដីព្រៃលិចទឹកដែលកំពុងរងការរំលោភបំពានពីសំណាក់ក្រុមខិលខូចនេះគ្រប់គ្រងដោយអាជ្ញាធរក្នុងតំបន់និងស្ថិតក្រោមកិច្ចថែរក្សាពីសំណាក់ក្រុមជំនាញ ក្នុងគោលបំណងអភិរក្សនិងថែរក្សាសំរាប់ធ្វើជាជម្រកពពួលមច្ឆជាតិគ្រប់ប្រភេទ ប៉ុន្តែរយៈកាលចុងក្រោយនេះ ស្រាប់តែលេចឮថា មានក្រុមជនខិលខូចលួចឆ្មក់កាប់ទន្ទ្រានដីព្រៃលិចទឹកបំណងយកធ្វើជាដីកម្មសិទ្ធរបស់ខ្លួន ដោយអ្នកខ្លះបានអះអាងថា អ្នកនៅពីក្រោយនៃការកាប់ទន្ទ្រានដីព្រៃលិចទឹកខាងលើគឺជាលោកផ្កាយ២ម្នាក់ដែលគ្មានតួនាទីច្បាស់លាស់ ហើយឧត្តមសេនីយ៍រូបនោះក៏តែងលេចឮខាងរកសីុទិញដីដែលជាប់ពាក់ព័ន្ធ ព្រោះតែទិញថោកលក់បានថ្លៃ។
ទាក់ទងនឹងករណីខាងលើនេះ អាជ្ញាធរខេត្តកែបបាននិងកំពុងជម្រុញឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកជនខិលខូចទាំងនោះធ្វើការសាកសួរដើម្បីធ្វើបែបបទបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕