ក្រុមមន្ត្រីរាជការនិងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ បានលើកឡើងថា លោក ថៃ លី ជាប្រធានពេទ្យសត្វប្រចាំខេត្ត តាកែវ ពីមុនមានតែម៉ូតូកញ្ចាស់មួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ម៉ោងនេះលោក ថៃ លី បានផ្លាស់ប្តូរជីវភាពថ្មី ក្លាយជា មហាសេដ្ឋីយ៉ាងឆាប់រហ័សមិនឃើញថា គាត់រកស៊ីសោះ ក្រៅពីមុខងារជាប្រធានពេទ្យសត្វនោះ ។ ប៉ុន្តែបែរ ជាគាត់សល់លុយ ក្លាយជាមហាសេដ្ឋីសង់វីឡានៅក្នុងក្រុងដូនកែវ មិនឱ្យចាញ់មន្ត្រីធំៗឬឧកញ៉ាដែលមានស្រុក កំណើតលើទឹកដីខេត្ត តាកែវ នោះទេ។
មន្ត្រីតូចតាចមួយចំនួនបានបង្ហើបឱ្យដឹងថា ក្នុងការិយាល័យពេទ្យសត្វខេត្តតាកែវ លោក ថៃ លី មិនបានប្រើប្រាស់ មន្ត្រី ជំនាញឱ្យចុះទៅបំពេញភារកិច្ចឱ្យបានត្រឹមត្រូវនោះទេ គឺគាត់ចាត់តាំងតែបងប្អូនសាច់ញាតិ របស់គាត់ឱ្យចុះដាក់ ប៉ុស្តិ៍ជជុះ តាមដងផ្លូវគាបជំរិតក្រុមឈ្មួញឱ្យបង់លុយសម្រាប់ការដឹកជញ្ជូនជ្រូក គោ មាន់ ទា តាមតែទំនើងចិត្ត។
មិនតែប៉ុណ្ណោះ មន្ត្រីមួយចំនួនបានបង្ហើបឱ្យដឹងថា មិនឱ្យ ថៃ លី ក្លាយជាមហាសេដ្ឋីម្តេចនឹងកើត បើគាត់យកថ្លៃនាំ ចូលជ្រូកពីស្រុកយួន ក្នុងមួយក្បាល ៣ម៉ឺនរៀល រាល់ថ្ងៃដែលជ្រូកត្រូវឈ្មួញនាំចូលពីយួនទាំងយប់ទាំងថ្ងៃគុណនឹង ១ថ្ងៃ រាប់ រយក្បាល ១អាទិត្យរាប់ពាន់ក្បាល និង១ខែ រាប់ម៉ឺនក្បាលនោះបានសួរថា យកលុយទៅណាអស់ហើយ ការ នាំគោចូលទៅ ស្រុកយួន ក៏ត្រូវបង់ឱ្យគាត់ក្នុង១ក្បាល២០ដុល្លារ។ សូម្បីតែការដឹកជញ្ជូនពងទា ដែលក្នុងមួយថ្ងៃៗរាប់សិបឡាន ក៏ត្រូវបង់ឱ្យលោក ថៃ លី ទៅតាមចំនួនដែលបានកំណត់ជាពិសេសសត្តឃាតដ្ឋាន នៅទូទាំង ១០ ស្រុក នៃខេត្តតាកែវ ក៏ត្រូវតែសែនព្រេន បង់លុយជូនលោក ថៃ លី ទៅតាមការទាមទាររបស់គាត់ មិនអាចមើលរំលងបាន ទេ។
អ្វីជារឿងមិនប្រក្រតីនោះ គឺលោក ថៃ លី បានចាត់តាំងសាច់ញាតិនិងមន្ត្រីជំនិតៗរបស់គាត់ឱ្យចុះដាក់ប៉ុស្តិ៍ ជជុះនៅ តាមដងផ្លូវ ដែលមានការដឹកជញ្ជូនជ្រូក គោ មាន់ ទា ស៊ុត មកពីស្រុកយួនយ៉ាងអនាធិបតេយ្យ ហើយសម្រាប់ ការដឹក ជញ្ជូនសត្វទាំងនោះត្រូវតែចូលបង់លុយទៅតាមតម្លៃដែល បានកំណត់ គេមិនខ្វល់ថា ក្រុមឈ្មួញរកស៊ីចំណេញឬខាត នោះទេ ហើយពេលខ្លះទៀតរថយន្តដឹកទំនិញមួយចំនួនក៏ត្រូវបានមន្ត្រីរបស់លោក ថៃ លី ប្រដេញដើម្បីសុំត្រួត ពិនិត្យ ផងដែរ មិនដឹងជាបានគោលការណ៍មកពីណាទេហើយឈ្មួញខ្លះដើម្បីកុំឱ្យមានរឿងវែងឆ្ងាយក៏ចេះតែបង់លុយថ្លៃបាយ ឱ្យជំនាញ ពេទ្យសត្វរបស់ ថៃ លី ម្តងមួយម៉ឺនឬ ២ម៉ឺនរៀលឱ្យផុតទៅ បើទោះបីជាការដឹកទំនិញ របស់ពួកគេមិន ពាក់ ព័ន្ធជាមួយ និងជំនាញពេទ្យសត្វក៏ដោយ ។
តាមមន្ត្រីមួយចំនួនដែលបានធ្វើដំណើរទៅកាន់ខេត្តតាកែវ ធ្លាប់បានកោតសរសើរពីភាពមានបានយ៉ាងឆាប់រហ័ស របស់ លោក ថៃ លី ហើយសម្រាប់មន្ត្រីធំៗនៅក្នុងក្រសួងកសិកម្ម បើសិនជាមានធុរៈចុះទៅខេត្តតាកែវ តែងតែទំនាក់ ទំនង ជួបជាមួយលោក ថៃ លី ដែលជាមន្ត្រីពូកែអែបអប យកចិត្តយកថ្លើមថ្នាក់លើ ជាពិសេសដើម្បីបិទបាំងរឿង អាស្រូវ និង កំហុសឆ្គងរបស់ខ្លួន។
ផ្ទុយទៅវិញគេមិនច្បាស់ទេថា តើលោក ញ៉ឹម ស៊្រុន ជាប្រធានមន្ទីរកសិកម្មខេត្តតាកែវ មានការពាក់ព័ន្ធអ្វីជាមួយ ថៃ លី ក្នុងកម្រិតណានោះទេ ព្រោះគេមិនដែលឃើញលោក ញ៉ឹម ស៊្រុន កោះហៅជំនាញពេទ្យសត្វរបស់លោក ថៃ លី ទៅដាក់ ពិន័យឬដុះក្អែលមន្ត្រីអសកម្មនោះម្តងណាឡើយ បើទោះបីជាប្រជាពលរដ្ឋធ្លាប់បានប្តឹងផ្តល់ពីអំពើគាបជំរិតបង្ខំឱ្យ ពួកគាត់បង់លុយសម្រាប់ការដឹកជញ្ជូនជ្រូក គោ មាន់ ទា យ៉ាងអនាធិបតេយ្យក៏ដោយ។
ជុំវិញបញ្ហានេះគេជឿថា លោក ថៃ លី អាចបែងចែកកញ្ចប់ថវិកាណាមួយយកទៅជូនលោក ញ៉ឹម ស៊្រុន ដែលជាមេ កើយខ្លះមិនខាន ទើបអ្វីៗអាចដំណើរការដោយរលូនល្អ គ្មានខ្វល់ខ្វាយពីការកែទម្រង់អ្វីឡើយទោះជាអង្គភាពប្រឆាំងអំពើ ពុករលួយបានរឹតបន្តឹងក៏លោក ថៃ លី មិនឈឺក្បាល ជាពិសេស ថែមទាំងហ៊ានបំពានបន្តសកម្មភាពពុករលួយយកលុយទៅទិញ វីឡា ២ទៅ៣កន្លែង និងមានលុយចាយវាយយ៉ាងរំភើយ ហើយដែលបញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយមើលរំលងពី សកម្មភាពពុកផុយរឿងអាស្រូវរបស់មន្ត្រី និងថៃ លី ក្រោមក្លៀករបស់មន្ទីរកសិកម្មខេត្តតាកែវ ញឹម ស៊្រុន នោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានព្រមានសឹងតែរាប់ភ្លេចទៅហើយដល់មន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធឱ្យបញ្ឈប់ការយកលុយក្រៅផ្លូវការ ប៉ុន្តែបែរជា ថៃ លី មិនដែលព្រឺរោមជើងទេ តែងតែចាត់តាំងមន្ត្រី ឱ្យចុះ ដាក់ប៉ុស្តិ៍ជជុះតាមផ្លូវ និងប្រមូលលុយពីតាមទីសត្តឃាតដ្ឋានទាំង១០កន្លែង យកលុយទៅចែកគ្នាធ្វើមានធ្វើបាន ផ្ទាល់ខ្លួនយ៉ាង អនាធិបតេយ្យបំផុត ៕